ឥណ្ឌូណេស៊ី ៖ ជាប្រទេសប្រជាធិបតេយ្យហើយឬនៅ?
ស៊ូហារតូ បានក្រសោបយកអំណាចមកក្តាប់ នៅឆ្នាំ១៩៦៦
ហើយបានដាក់គ្របទៅលើប្រទេសឥណ្ឌូណេស៊ីទាំងមូល អ្វីដែលគេហៅថា«សណ្តាប់ធ្នាប់ថ្មី»
ពោលគឺរបបផ្តាច់ការមួយ
ដែលឈរលើការបំភិតបំភ័យប្រជារាស្ត្រ និងការកាប់សម្លាប់ពួកអ្នកប្រឆាំង។ ជាក់ស្តែង
កងទ័ពរបស់ ស៊ូហារតូ បានសម្លាប់ពួកកុម្មុយនិស្តអស់៥០០ ០០០នាក់យ៉ាងតិច
លើកទីមួយនៅចុងឆ្នាំ១៩៦៥ និងលើកទីពីរនៅឆ្នាំ១៩៦៨។
ដូចគ្នាអ៊ីចឹងដែរ នៅទសវត្សរ៍ទី៧០ និងទី៨០ របបស៊ូហារតូ
បានសម្លាប់ពួកអ្នកផ្តាច់ទឹកដីនិយម អស់យ៉ាងតិច៣០០ ០០០នាក់ នៅប៉ាពូអាស៊ី(Papouasie)ខាងលិច នៅអាឆេ (Aceh)
និងនៅទីម័រ(Timor)ខាងកើត។ ដោយមានការគាំទ្រពីកងទ័ព
ស៊ូហារតូ ត្រូវបានសភាជាតិបោះឆ្នោតតែងតាំងជាប្រធានាធិបតី ប្រាំឆ្នាំម្តង
ពីឆ្នាំ១៩៦៦ដល់ឆ្នាំ១៩៩៨។
របបស៊ូហារតូបានរលំនៅឆ្នាំ១៩៩៨ កិនកម្ទេចដោយមហាបាតុកម្មរបស់ប្រជាជន
ដែលរងទុក្ខវេទនា ដោយហេតុតែវិបត្តិសេដ្ឋកិច្ចអាស៊ីឆ្នាំ១៩៩៧។ តាំងពីពេលនោះមក
ឥណ្ឌូណេស៊ីបានបោះជំហានទៅរកលទ្ធិប្រជាធិបតេយ្យ។ ពលរដ្ឋមានសិទ្ធិបោះឆ្នោត
ជ្រើសរើសប្រធានាធិបតី តំណាងរាស្ត្រ សមាជិកសភាតំបន់ និងអាជ្ញាធរខេត្តខណ្ឌ
ហើយនៅឆ្នាំ២០០៤ មុខតំណែងប្រមុខរដ្ឋត្រូវបានផ្លាស់ប្តូរ ផ្ទេរពីលោកស្រី មេហ្កាវ៉ាទី
សឺកាណូពូទ្រី (Megawati Soekarnoputri) មកឲ្យលោកស៊ូស៊ីឡូ បំបង យុយដូយ៉ូណូ (Susilo
Bambang Yudhoyono) ដោយគ្មានអំពើហិង្សាកើតឡើងទៀតផង។
មានភស្តុតាងផ្សេងទៀតដែលបង្ហាញនូវប្រជាធិបតេយ្យូបនីយកម្មនៃប្រទេសឥណ្ឌូណេស៊ី
ដូចជាសេរីភាពសារព័ត៌មាន វត្តមាននៃសហជីព
ការលុបចោលអស់ពាក់កណ្តាលអាសនៈរបស់ពួកយោធានៅក្នុងសភាជាតិ និងការកែទម្រង់ស៊ីជម្រៅ
នៅក្នុងសេនាធិការដ្ឋានកងទ័ព។ បណ្តើរៗ
កងទ័ពឥណ្ឌូណេស៊ីយល់តួនាទីរបស់ខ្លួនកាន់តែច្បាស់ នោះគឺការពារទឹកដីនៃប្រទេស
ប្រកាន់ជំហរអព្យាក្រឹត និងស្តាប់បញ្ជារបស់រដ្ឋាភិបាលស៊ីវិលស្របច្បាប់។
ឯករាជភាពរបស់ទីម័រខាងកើត និងការដោះស្រាយបញ្ហានៅអាឆេ បានដោយសន្តិវិធី
ក៏ជាសញ្ញាដែលបង្ហាញនូវភាពចាស់ទុំបណ្តើរៗនៃលទ្ធិប្រជាធិបតេយ្យឥណ្ឌូណេស៊ីដែរ។
ដូចគ្នាអ៊ីចឹងដែរ នយោបាយវិមជ្ឈការ ដែលត្រូវបានផ្តើមអនុវត្តនៅខែមករាឆ្នាំ២០០១
បានផ្ទេរអំណាចមិនតិចឡើយទៅឲ្យអាជ្ញាធរខេត្តខណ្ឌ
និងបានជួយជំរុញប្រជាជនតាមទីជនបទដាច់ស្រយាល
ឲ្យចូលរួមចំណែកយ៉ាងសកម្មក្នុងលទ្ធិប្រជាធិបតេយ្យ។
ប៉ុន្តែ ក៏នៅមានច្រើនណាស់ដែរឧបសគ្គ
ដែលពន្យឺតនិងគំរាមប្រជាធិបតេយ្យូបនីយកម្មនៅឥណ្ឌូណេស៊ី។ ឧបសគ្គទីមួយ
គឺអវត្តមាននៃឧត្តមគតិច្បាស់លាស់ នៅក្នុងជួរគណបក្សនីមួយៗ បានន័យថា
គ្មានទេការប្រណាំងប្រជែងគ្នាផ្នែកគំនិត នៅលើឆាកនយោបាយ
មានតែការប្រជែងគ្នារវាងបុគ្គល រវាងមេគណបក្សមួយ និងប្រមុខគណបក្សមួយទៀត។
ពេលបោះឆ្នោតម្តងៗ អ្នកនយោបាយឥណ្ឌូណេស៊ី មិនដែលមានកម្មវិធីអភិវឌ្ឍន៍ប្រទេស
ដែលឈរលើទ្រឹស្តីនយោបាយអ្វីមួយច្បាស់លាស់ទេ។ មានដែរ ប្រធានបទដដែលៗមួយចំនួន
ដូចជាមនោសញ្ចេតនាជាតិនិយម មនោគមវិជ្ជាសង្គមនិយម ឬក៍ទស្សនៈអ៊ីស្លាមជ្រុលនិយម។
ក៏ប៉ុន្តែ ប្រធានបទទាំងនេះតែងតែរលាយសាបសូន្យអស់ទៅវិញ ពេលបោះឆ្នោតហើយម្តងៗ។
គណបក្សនីមួយៗទៀតសោត សុទ្ធតែមានកងកម្លាំងសន្តិសុខរបស់គេរៀងៗខ្លួន
ជាហេតុបង្កឲ្យមានការសម្លុតបំភិតបំភ័យប្រជាជន និងអំពើហិង្សា នៅពេលបោះឆ្នោតម្តងៗ
ចាប់តាំងពីឆ្នាំ១៩៩៩មក។
ឧបសគ្គមួយទៀត ដែលគំរាមប្រជាធិបតេយ្យូបនីយកម្ម នៅឥណ្ឌូណេស៊ី
គឺអសមត្ថភាពរបស់រដ្ឋាភិបាលនីមួយៗ ក្នុងការតាក់តែង និងអនុវត្តនយោបាយសាធារណៈផ្សេងៗ
ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជន។ មូលហេតុនៃប្រការបែបនេះ
គឺបណ្តាលមកពីរដ្ឋឥណ្ឌូណេស៊ីខ្វះធនធានមនុស្ស
ពឹងពាក់ការិយាធិបតេយ្យមួយពុករលួយនិងគ្មានប្រសិទ្ធិភាពដែលមិនចេះប្រមូលពន្ធដារ
ហើយក៏មិនចេះចែកចាយដែរ ជំនួយសាធារណៈ ទៅឲ្យដល់ប្រជារាស្ត្រក្រីក្រ។
ក្រៅពីនេះ អំពើពុករលួយដែលជាកាកសំណល់សល់ពីសម័យស៊ូហារតូ
បន្តស៊ីរូងគ្រប់ស្រទាប់ជាន់ថ្នាក់នៃប្រព័ន្ធគ្រប់គ្រងប្រទេស រហូតមកទល់សព្វថ្ងៃ។
សូមជម្រាបថា យោងទៅតាមអង្គការTransparency International ស៊ូហារតូ
និងក្រុមគ្រួសារ បានលួចបង្វិលយកប្រាក់រដ្ឋ យ៉ាងតិច១៥ ០០០ លានដុល្លារ។
ជាការពិតណាស់ដែលថា
ក្រោយពីបានជាប់ឆ្នោតជាប្រធានាធិបតីនៅខែកញ្ញាឆ្នាំ២០០៤
និងក្រោយពីបានជាប់ឆ្នោតជាថ្មីនៅខែកក្កដាឆ្នាំ២០០៩ លោក យុយដូយ៉ូណូ
ដែលល្បីឈ្មោះថាជាមនុស្សស្អាតស្អំ បានចាត់ទុកការកម្ចាត់អំពើពុករលួយថា
ជាបុព្វហេតុជាតិ។ ក៏ប៉ុន្តែ មកទល់ឥឡូវ អំពើពុករលួយ នៅតែជាបញ្ហាធំជាងគេបង្អស់មួយដែលពន្យឺតប្រជាធិបតេយ្យូបនីយកម្មនិងការអភិវឌ្ឍន៍នៃប្រទេសឥណ្ឌូណេស៊ី៕
អតីតប្រធានាធិបតីឥណ្ឌូណេស៊ី លោក Suharto (ឆ្វេង) និងអតីតប្រធានាធិបតីអាមេរិក Richarles Nixon (ស្តាំ) (Photo : Reuters/Wikimédia)
No comments:
Post a Comment